នៅក្នុងតំបន់ ឡាបានសៀក ឃុំឡាំងបាង ស្រុកលំផាត់ ខេត្តរតនៈគិរី មានស្រះមួយធំ ទំនងជាអាងទឹកបុរាណ ដែលសេសសល់ មកពីលក្ខណៈ ភូមិសាស្រ្ត ព្រោះស្រះនេះ នៅចន្លោះជាយ ជ្រលងភ្នំ ហើយមានសណ្ឋាន មូលដូចបាតខ្ទះ ។
អ្នកដំណើរណា ដែលបានទៅដល់រតនគិរី គេពុំអាចភ្លេចទៅ លំហែរកាយ ឬទៅទស្សនា ស្រះយក្សឡោមឡើយ ។ សមបីសព្វថ្ងៃនេះ នៅឡាបានសៀក មានការរៀបចំភូមិល្អផង ដូចជាមាន ផ្សារមានវត្តអារាម មានភូមិនិវេសដ្ឋាន មានទាំងចំការកៅស៊ូ ជាដើម។ល។ ក៏រិតតែបានជាទី ជំនុំចំណោមធំដុំមួយឡើង ។
កាលបើទៅដល់ “ស្រះយក្សឡោម” នេះភ្លាម គេតែងតែនឹករកដើមហេតុ នៃឈ្មោះចម្លែកនេះ ។ ការឆ្ងល់នេះ ក៏នាំឱ្យមានការសាកសួរ រកហេតុដើម ដែលមាននៅជាប់ នឹងបែបនិទាន របស់អ្នកស្រុក ជារឿងព្រេងប្លែកៗគ្នា ដែលយើងនឹងលើកយកមក អធិប្បាយដូចតទៅនេះ៖











