ការបង្កើតគណបក្សថ្មី ឬ មិនបង្កើត ក៏មិនអាចដោះស្រាយ វិបត្តិខ្មែរបានឡើយ ពីព្រោះវាជារឿង ដដែលៗ មិនអាចកែប្រែអ្វីបាន គឺថ្មីតែបក្ស ហើយមនុស្សមិនប្រាកដថាថ្មីដែរ ពីព្រោះគំនិត ឬ ផ្នត់គំនិតអ្នក នយោបាយ និង រចនាសម្ព័ន្តនយោបាយ ដឹកនាំវានៅដដែល ។
តើអ្វីដែលយើងត្រូវមានការផ្លាស់ប្តូរពិតប្រាកដ ដែលអាចនឹងផ្លាស់ប្តូរនូវផ្នត់គំនិត អ្នកដឹកនាំខ្មែរបាន ហើយដែលនឹងអាចដោះស្រាយនូវវិបត្តិខ្មែរបាន? គឺមានតែបង្កើតនូវរចនាសម្ព័ន្ធនយោបាយថ្មីទេ ដែលអាច ធានាថា ដោះស្រាយបាននូវ វិបត្តិខ្មែរ ឬរឿងអ្វីៗទាំងអស់នេះ បាន៕៚…
សូមចុចស្តាប់មតិយោបល់របស់លោកបណ្ឌិត សំ អ៊ិន និង បណ្ឌិតកែម ឡី ដូចមាននៅខាងក្រោម៖
ភ្នំពេញ: លោក កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវ ឯករាជ្យជាន់ខ្ពស់ និងលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានបដិសេធ អំពីគំរោងបង្កើតគណបក្ស ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៦។ ការ បដិសេធនេះ គឺបន្ទាប់ពីបណ្តាញសង្គម (ហ្វ៊េសបុក) បានផ្សព្វផ្សាយថា គណបក្សថ្មី ដែលនឹងកើតឡើងនោះ គឺលោក កែម ឡី រួមទាំងមន្ត្រីមួយចំនួនទៀត ជាអ្នកផ្តួចផ្តើមគំនិត ក្នុងការបង្កើតគណបក្សថ្មី។
លោក កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវឯករាជ្យជាន់ខ្ពស់ បានប្រាប់គេហទំព័រ
CEN ឲ្យដឹងថា តាមពិត ការបង្កើតគណបក្ស នយោបាយថ្មីមួយ គឺអត់មានទេ តែគ្រាន់តែ មានបង្កើត ចលនាបណ្តាញសង្គម ដោយមានអ្នកចូលរួម គាំទ្រដោយមិនចេញមុខ ប៉ុន្តែជួយគាំទ្រខ្លាំង និងមានអ្នកចេញមុខ។ ហើយការបង្កើតចលនានេះ វាល្អជាងការបង្កើតគណបក្ស វាមានឥទ្ធិពលច្រើន ចលនានេះ អាចធ្វើឲ្យប្រទេស មានការប្រែប្រួល មានភាពដឹកនាំល្អជាង។
លោកបានបញ្ជាក់ថាៈ “ទាក់ទងការស្នើ ឲ្យបង្កើតគណបក្ស គឺមានអ្នកនៅក្រៅប្រទេស ដែលនៅខាងគណបក្សប្រឆាំង និងមកពីគណបក្ស ផ្សេងៗទៀត ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍។ ហើយក្រុមរបស់ខ្ញុំ មិនមានបំណង ចង់បង្កើតគណបក្សទេ ដោយមានចក្ខុវិស័យវែងឆ្ងាយ នឹងគិតគូរពីផលប្រយោជន៍ជាតិជាធំ។ ហើយមានគណបក្សខ្លះ មានការព្រួយបារម្ភ ពីការបង្កើតគណបក្សថ្មី ខ្លាចបំបែកសម្លេងរបស់ខ្លួន ការព្រួយ បារម្ភកាន់តែខ្លាំង បង្ហាញភាពកំសោយកាន់តែខ្លាំង ហើយគណបក្សសង្គ្រោះជាតិ មិនគួរភ័យទេ”។
ចំណែកលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានបដិសេធថា លោកមិនមានគម្រោង បង្កើតគណបបក្សថ្មីនោះទេ ប៉ុន្តែបើសិនជា ប្រជាពលរដ្ឋជំរុញ និងសំណូមពរ ឲ្យបង្កើតនោះ គឺលោកនឹងបង្កើត ពីព្រោះលោកស្ម័គ្រចិត្ត ដើម្បីជួយជាតិ។ ហើយមកដល់ពេលនេះ មានប្រជាពលរដ្ឋ បានជម្រុញឲ្យ លោកបង្កើតគណបក្ស ប៉ុន្តែលោកអត់គិតថា នឹងបង្កើតគណបក្សទេ ហើយធម្មតា អត់ចង់បង្កើតគណបក្សទេ តែចង់ឲ្យមានអ្នកថ្មី បង្កើតគណបក្ស សម្រាប់យុវជនជំនាន់ថ្មី ដោយលោកចង់ប្តូរអាចាស់ មកថ្មីវិញ។
លោកបានបញ្ជាក់ថាៈ “ខ្ញុំបេ្តជ្ញាចិត្ត បើសិនជាប្រជាពលរដ្ឋ ត្រូវការខ្ញុំ ខ្ញុំនឹងធ្វើអ្វី ដែលប្រជាពលរដ្ឋ សំណូមពរមកខ្ញុំ ដើម្បីសម្រាប់ដោះស្រាយបញ្ហាជាតិ ខ្ញុំចង់ឲ្យបានគណបក្សមួយថ្មី ហើយអ្នកដឹកនាំថ្មី ដើម្បីប្តូរអាចាស់មកថ្មី ប៉ុន្តែគណបក្សផ្សេងៗទៀត គេខ្លាចខ្ញុំបើកគណបក្ស។ ពេលណាដែល ប្រជាពលរដ្ឋ យល់ឃើញថា គណបក្សសព្វថ្ងៃ មិនអាចទៅមុខទេ ពីព្រោះគណបក្សមួយនោះ សន្យាសព្វគ្រប់បែបយ៉ាង ហើយរហូតមកដល់សព្វថ្ងៃ មិនអាចបំពេញបានទេ។ ហើយបើយើងនិយាយពី គណបក្សសង្គ្រោះជាតិវិញ គឺមិនមែនគណបក្សសង្គ្រោះជាតិ ទេ គឺគណបក្សសង្គ្រោះកៅអី គណបក្សរបស់ខ្លួន ហើយដែលនាំប្រជាពលរដ្ឋ ធ្វើបាតុកម្មមួយឆ្នាំ អត់បានអ្វីទាំងអស់ ហើយគាត់ចូលសភា ហេតុដូច្នេះ គាត់អត់អាចដោះស្រាយអ្វីទាំងអស់…។”
រីឯកញ្ញា កឹម មនោវិទ្យា អនុប្រធានអគ្គនាយកដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ ត្រូវជាកូនរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួន អំពីដំណឹងនៃការបង្កើតគណបក្សថ្មីមួយ ដោយការបង្កើតគណបក្សថ្មីនោះ ជាការបំបែកសំឡេង ពីគណបក្សសង្គ្រោះជាតិ។
កញ្ញា កឹម មនោវិទ្យា បានសរសេរថាៈ “គណបក្សថ្មី នឹងកើតមាន ប៉ុន្តែពេលនេះ គេធ្វើជាទ្រង់ទ្រាយ “សហគមន៍តាមដានការកែទម្រង់” និងសមាគមយុវជនផ្សេងៗ បណ្ដោះអាសន្ន ដើម្បីកុំអោយទទួលរង ការវាយប្រហារពីមហាជនថា បំបែកសំឡេង”។
កូនស្រីលោក កឹម សុខា បានបន្តថាៈ “ពេលបោះឆ្នោតឃុំ ជិតមកដល់ ក្រុមនោះនឹងបង្កើតជាបក្ស ដោយយកលេសថា មកពីសង្គ្រោះជាតិ មិនបានកែទម្រង់បានសំរេច។ នេះជាសិទ្ធិក្នុងការធ្វើ នយោបាយរបស់គេ គ្រាន់តែថា ធ្វើមិនបានផល និងខូចរូបភាពសាមគ្គី របស់អ្នកប្រជាធិបតេយ្យ ម្យ៉ាងទៀត គឺព្យាយាមទាញយកសមិទ្ធផល របស់សង្គ្រោះជាតិ កន្លងមក ថាជារបស់ក្រុមយុវជនណាមួយ ដោយមិនបានបង្កើតសមិទ្ធផលខ្លូនឯង។ ជាក់ស្តែង នឹងឃើញថា គ្មានក្រុមណា អាចប្រមូលពលរដ្ឋបានច្រើន បើគ្មានផ្លាកសង្គ្រោះជាតិ”៕
You must be logged in to post a comment.