ការធ្វើនយោបាយតាមក្បួន “ទឹករលកបោកច្រាំង” និងតាមក្បួន “នយោបាយ ទូកក្តោង” មិនសូវបានផល ល្អទេ ។ ជាធម្មតានៅតាមទន្លេនិងស្ទឹង បើឃើញមានទឹករលក ឬ ហូបោកនឹងច្រាំង មួយណាហើយ ចា្រំងនោះតែងតែ បាក់បែក ហើយវានាំល្បប់ដី ទៅបំប៉នលើច្រាំងម្ខាងទៀត ឱ្យមើលទៅឃើញមានដើម រុក្ខជាតិដុះយ៉ាងស្រស់បំព្រង ប៉ុន្តែភ្លេចគិតថា នៅច្រាំងភាគខាងក្រោយ ដែលល្អស្រស់នោះ ក៏កំពុងតែ ត្រូវបានទឹករលក ឬ ហូចាក់បុកបំបែកដូចគ្នាដែរ ។
តើមកពីមូលហេតុអ្វី? គឺស្ទឹងវាមិនត្រង់ដូចជា ប្រឡាយដែលយើងជីកទេ គឺវាជាធម្មជាតិ វាបត់បែនទៅ តាមធម្មជាតិរបស់វា នេះជាឧទាហរ៍មួយ ។
ចំណែកនយោបាយទូកក្តោងវិញ គឺទូកក្តោងធ្វើដំណើរ ទៅមុខបានដោយសារ ជំនោរខ្យល់បក់បោក មិនមែនដោយសារ កម្លាំងខ្លួនឯង ដូចជាកប៉ាល់ ឬ ទូកកាណូតដែល គេប្រើម៉ាស៊ីនទេ ។ ដូច្នេះនៅពេលមាន ខ្យល់ជំនោរបក់ ទៅខាងណាខ្លាំង វាទៅខាងនោះហើយ អញ្ចឹងបានមានមនុស្ស គេជួយទប់ជ្រែង ដើម្បីឱ្យបណ្តែតទៅតាមខ្យល់ បើមិនដូច្នោះទេ ទូកនោះពិតប្រាកដជា នឹងលិចក្នុងទឹក ស្លាប់ហើយ ។
យ៉ាងណាមិញ អ្នកធ្វើនយោបាយបែបនេះ គឺពួកគាត់មិនពិតប្រាកដច្បាស់លាស់ ក្នុងខ្លួនឯងទេ គឺពួកគាត់តែងតែធ្វើតាមគេ ទៅតាមការឃោសនារបស់គេ គឺគេប្រាប់យ៉ាងណា គេថាយ៉ាងណា គឺពួកគាត់ធ្វើយ៉ាងនោះហើយ ។
ពាក្យមួយទៀតគេហៅថា “អាជ័យធ្លាក់ទឹក ហៃអើ! ហៃអើ!” នេះក៏ជាន័យនៃអ្នក ធ្វើនយោបាយមួយដែរ ។ គឺពួកគាត់អត់បារម្ភអ្វីទេ គឺអត់បារម្ភរឿង អាជ័យលោតទឹករត់ទៅណាទៅណីទេ គឺគិតតែច្រៀងរាំបន្ទរ តាមគេ នៅទីបំផុតអាជ័យរត់បាត់ ឬ របស់អ្វីដែលសំខាន់ វាបាត់បង់ទៅហើយ ទំរាំតែដឹង របស់នោះវា បាត់បង់ទៅហើយ ។
ទាំងអស់នេះ ដោយសារតែយើង មិនបានសិក្សាស្វែងយល់ ឱ្យបានច្បាស់លាស់ គឺមូលហេតុចម្បង មកពីយើងមិនមាន ការសិក្សាអបរំត្រឹមត្រូវ ។ ការដែលយើងមិនមាន ការសិក្សាអបរំត្រឹមត្រូវ មិនបានរៀនសូត្រត្រឹមត្រូវ ជាកំហុសរបស់យើងផង តែជាពិសេស វាជាកំហុសរបស់អ្នកដឹកនាំយើង ដែលពួកគាត់អាចយល់ខុស អាចយល់ច្រឡំថា ចេះតែអញម្នាក់ឯងបានហើយ បានដឹកនាំគេស្រួល បើចេះច្រើនពិបាកណាស់ នេះពិតជាយល់ខុសហើយ៕