ពលរដ្ឋគឺជាសមាជិករបស់រដ្ឋ ឬ ប្រទេសនិមួយៗ ឧទាហរណ៍៖ ដូចជានៅក្នុងប្រទេសខ្មែរ ជាតិខ្មែរ និង ជនដែលរាប់ជាខ្មែរ ដូចជាចាមនិងគួយជាដើម ហើយនិងជនខ្លះដែលផ្លាស់សញ្ជាតិជាខ្មែរ ជាពលរដ្ឋខ្មែរ ។ ឯជនបរទេសដែលនៅក្នុងព្រះរាជា ណាចក្រខ្មែរ ដូចជាចិន យួន ក្លិង្គ មិនមែនជាពលរដ្ឋខ្មែរទេ ។ ជនទាំងនេះគ្មានសិទ្ធិពេញដូចខ្មែរទេ និង គ្មានសិទ្ធិបោះឆ្នោត ជ្រើសតាំងអ្នកតំណាងរាស្រ្តខ្មែរទេ ។
ម្យ៉ាងទៀតពាក្យពលរដ្ឋបានសេចក្តីថា “កម្លាំងរបស់ប្រទេស” ព្រោះប្រទេសនិមួយៗ ដែលរុងរឿងរស់រាន មានជីវិត ក៏អាស្រ័យនូវសមាជិករបស់ប្រទេសនោះឯង ។ ពលរដ្ឋគឺជនដែលមានសិទ្ធិពេញទី ហើយបើមាន សិទ្ធិហើយនោះ ក៏ត្រូវមានករណីកិច្ចដូចតទៅ៖
១_ ពលរដ្ឋត្រូវមានចិត្តចង់ដឹងចង់ស្គាល់នូវកិច្ចការជាសាធារណៈទាំងឡាយ ដូចជាវិបត្តិដែលកើតមានក្នុង ប្រទេសរបស់ខ្លួន និង ព្រឹត្តិការណ៍ផ្សេងៗដែលផ្ទុះឡើងក្នុងសាកលលោកផងដែរ ។ ពលរដ្ឋត្រូវឆ្លៀតឱកាស អានពត៌មាន ស្តាប់វិទ្យុ និង ការឃសនាផ្សព្វផ្សាយផ្សេងៗ ដែលជាប្រទីបបំភ្លឺផ្លូវឱ្យដឹងការងាររាក់ជ្រៅសព្វ យ៉ាង ។ ពលរដ្ឋត្រូវដឹងឱ្យបានច្បាស់នូវ ដំណើរការនយោបាយ ឬ គោលនយោបាយ ដែលមាននៅក្នុង រដ្ឋាភិបាលរបស់ប្រទេសខ្លួន ហើយដែលប្រើប្រាសជារៀងរាល់ថ្ងៃ ។
២_ នៅពេលដែលរដ្ឋាភិបាលកំណត់ឱ្យបោះឆ្នោត ឱ្យជ្រើសរើសតំណាងរាស្រ្តម្តងៗ នោះពលរដ្ឋត្រូវចាំ ឱ្យច្បាស់ថា អនាគត់របស់ខ្លួន និង ជីវិតនៃនគរឬប្រទេសជាតិរបស់ខ្លួន មាននៅក្នុងសន្លឹកឆ្នោតដែលខ្លួន ទំលាក់ចូលទៅក្នុងហិបឆ្នោតនោះឯង ។ ដូច្នេះមុននឹងទៅបោះឆ្នោត ពលរដ្ឋត្រូវពិនិត្យពិចារណាឱ្យបាន ច្បាស់លាស់ កុំបោះទាំងប្រថុយទាំងងងឹតងងល់ ។ ពលរដ្ឋនិមួយៗត្រូវតែបោះឆ្នោតដោយស្មោះ ដោយមាន ចិត្ត ពោពេញទៅដោយសេចក្តីសង្ឃឹមជានិច្ច ព្រោះជាករណីកិច្ចរបស់ខ្លួន ។ ទោះបីជារវល់យ៉ាងណាក៏ ដោយ ក៏ត្រូវតែឆ្លៀតឱកាសទៅបោះឆ្នោតនេះដែរ ។
៣_ ពលរដ្ឋត្រូវគោរពប្រតិបត្តិតាមច្បាប់របស់រដ្ឋជានិច្ច ហើយមិនត្រឹមតែគោរពទេ គឺត្រូវឱ្យស្គាល់ឱ្យចេះ ច្បាប់នោះផង ។ ការដែលស្គាល់ដែលចេះច្បាប់អាចធ្វើឱ្យពលរដ្ឋ ជៀសវាងនូវទុក្ខទោសផ្សេងៗបាន ព្រមទាំងមិនហ៊ានពំពានច្បាប់ ឬ ធ្វើរំលោភលើសិទ្ធិសេរីភាពអ្នកដទៃផង ។
៤_ ពលរដ្ឋមានតាព្្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋ ព្រោះរដ្ឋត្រូវការប្រាក់យកទៅចំណាយ ទៅលើផលប្រយោជន៍ សាធារណៈគ្រប់ជំពូក ដូចជា៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និង អាគាររដ្ឋផ្សេងៗ ហើយនិង ប្រាក់ខែសម្រាប់បុគ្គលិកអ្នកធ្វើកិច្ច ការងាររដ្ឋទួរទៅ ឬរដ្ឋត្រូវការទិញគ្រឿងសព្វាវុធ យកមកការពារ ប្រទេសជាតិឱ្យមានសន្តិសុខ ជាដើម។ល។ ជនណាដែល គេចវៀសមិនបង់ពន្ធ នឹងទុកជាជនក្បត់ច្បាប់ ហើយ និងត្រូវរាជការផ្តន្ទាទោស ។
៥_ ពលរដ្ឋត្រូវប្តូរជីវិតបូជាជីវិត ដើម្បីប្រទេសជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិរបស់ខ្លួនមានអាសន្ន គឺសត្រូវចង់ ទន្ទ្រានឈ្លានពាន ជាដើម ។ ដូច្នេះពលរដ្ឋទាំងប្រុស-ស្រី ត្រូវចេះវិជ្ជាទាហានឱ្យបានគ្រប់ៗគ្នា ដើម្បីជាកំផែងរារាំងការពារ តឹកដីនគររបស់ខ្លួន តាមកាលៈទេសៈដែលហុចឱ្យ ។
៦_ ពលរដ្ឋមានករណីកិច្ចដែលត្រូវតែបំពេញរាល់ៗថ្ងៃ គឺត្រូវធ្វើការងារក្នុងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីសេចក្តី ចំរើនដល់គ្រួសារ និង នគរ ឬ ប្រទេសជាតិរបស់ខ្លួន ។ ត្រូវគ្រប់គ្រងគ្រួសារឱ្យមានសុខភាពល្អ ត្រូវដុះខាត់ ចរិយាកុលបុត្រ-កុលធីតាឱ្យបាន ហ្មត់ចត់ ដើម្បីធ្វើឱ្យពួកគេទាំងឡាយ ទៅជាពលរដ្ឋមានគុណសម្បត្តិ និង សមត្ថភាពដ៏ល្អបរិបូណ៌ ក្នុងពេលអនាគត់ ។
ជាទីចុងក្រោយ ត្រូវដឹងឱ្យច្បាស់ថា ជីវិតនគរឬប្រទេសជាតិ រំពឹងលើពលរដ្ឋខេមរៈជាតិទាំងឡាយ ពលរដ្ឋត្រូវតម្រង់ចិត្ត ប្រែគំនិតធ្វើម្តេច ឱ្យខ្លួនអញម្នាក់ៗបានពេញជា ពលរដ្ឋចេះដឹង ស្មោះត្រង់ ឧស្សាហ៍ ក្លាហាន ហើយមានចិត្តភក្តីចំពោះជាតិ មាតុភូមិ និង ព្រះរាជប្លាំង ដែលជាទីពឹងពំនាក់របស់ខ្លួន ៕
You must be logged in to post a comment.