បន្ទាប់ពីបានស្តាប់សក្ខីកម្មសាក្សីម្នាក់នេះមក ធ្វើឱ្យនឹកឃើញ កាលពីអាឌិតកាល គឺសម័យកម្ពុជា ប្រជាធិបតេយ្យ ឬ សម័យខ្មែរក្រហម ប៉ុល ពត។ គឺយើងត្រូវបានអង្គការកងទ័ព ថ្នាក់លើបានហៅ យើង ទៅប្រជុំរៀនសូត្រដែរ តែមិនបានចាប់អារម្មណ៍រឿងអ្វី ដែលអាក្រក់នោះទេ ស្មានតែទៅ ប្រជុំរៀនសូត្រធម្មតា។
នៅពេលនោះទំនងជាខែ ៦-៧ ឆ្នាំ១៩៧៨ គេបានហៅទៅប្រជុំ ក្នុងសាលារៀនក្មេងមួយខ្នង នៅភូមិ សាលាក្រៅ ក្បែរទីស្នាក់ការកងវរៈសេនាតូចលេខ ១០២ ជាកងវរៈរបស់ពួកយើង ដែលជាកងការពារ ព្រំដែនខ្មែរ-សៀម នៅចន្លោះទីក្រុងប៉ៃលិន និង ភ្នំម៉ាឡៃ ដែលមានប្រវែង ប្រហែលជា ១០០ គ.ម. ។នៅកន្លែងប្រជុំមានមនុស្សជាច្រើន គឺសុទ្ធតែមេបញ្ជាការកងវរៈសេនាធំ កងវរៈសេនាតូច និង កងអនុ សេនាធំ ។ នៅពេលនោះគេសួរអំពីប្រវត្តីផ្ទាល់ខ្លួន តាំងពីតូចរហូតមក ក៏បានឆ្លើយប្រាប់គេតាមដំណើរ គឺបាននៅវត្តតាំងពីតូច អាយុ ១៤ ឆ្នាំបានបួសជាលោកនេន បួសបានបីខែគេនិមន្តឱ្យទៅចូលព្រៃមគ្គី ។
នៅក្នុងព្រៃគេនិមន្តឱ្យធ្វើជាគ្រូបង្រៀនក្មេងៗក្នុងភូមិ បង្ហាត់បានប្រហែលជាពីរខែ លោកតាជាប្រធាន សង្ឃតំបន់ទី៣បាននិមន្តមក ហើយប្រកាសរកលោកធ្វើស្មៀន ក៏បានដាក់ពាក្យសុំធ្វើស្មៀន លោកក៏ ហៅធ្វើ សម្ភាស ក៏បានជាប់ធ្វើស្មៀន។ ក្នុងការធ្វើស្មៀននេះហើយ មានការទាក់ទង អ្នកធំៗច្រើន ជាពិសេស គណៈតំបន់និងគណៈភូមិភាគ តាតុំនិងតារស់ញឹម គឺបានឆ្លើយប្រាប់គេតាម ដំណើរបន្ទាប់ មកនៅចុង ឆ្នាំ១៩៧៤ គេបានរៀបជាអង្គភាព ហើយគេបានចាត់តាំង ឱ្យធ្វើជាអគ្គលេខាធិការ ផ្នែកព្រះសង្ឃប្រចាំតំបន់ទី៣ ។
នៅដើមឆ្នាំ១៩៧៥ អង្គការលើដាក់ទិស ឱ្យលោកសង្ឃនាំគ្នា មកលើកទំនុបជីកប្រឡាយ បូករួមទាំង លោកគ្រូចៅអធិការនិង លោកតាធុដុុង្គផង លុះដល់លើកទំនុបហើយ នៅប្រហែលជាខែកក្កដា១៩៧៥ គេបាន យកកងចល័តមក រាប់រយនាក់មកជំនួស ហើយលោកសង្ឃទាំងអស់ ត្រូវទៅលាចាកសិក្ខាបទ រួចខ្ទង់ខែកញ្ញា ១៩៧៥ ត្រូវបានអង្គការដាក់ទិស ឱ្យទៅចូលធ្វើកងទ័ព ហើយគេបានបញ្ជូន ឱ្យទៅនៅ ការពារព្រំដែន ភាគខាងលិចត្រង់ចំណុច តាមមាត់ព្រៃ ភូមិដំបូកក្នុង សាយសាម៉ន និង តាគង់ ។
លុះដល់ថ្ងៃទី១ ខែមករា ១៩៧៧ គេបានជ្រើសរើសបញ្ជូនទៅបោសសំអាតទាហានលោកតាអ៊ិនតាំ តាមព្រំដែនខ្មែរ-ថៃ នៅចំណុចភ្នំបារាំងធ្លាក់-ចក្រី គឺបានដើរតាំពីម៉ោង ៤ ព្រឹក រហូតដល់ម៉ោង ៧ យប់ទើបដល់គោដៅ។ គឺនាំគ្នាទៅឈប់សម្រាកដេកក្បែរបន្ទាយទាហ៉ាន ប្រហែលមិនដល់ ១ គ.ម. តែសុទ្ធតែព្រៃស្ងាត់ច្រៀប ។ លុះព្រឹកឡើង ញ៉ាំបាហើយ គេបញ្ជូនឱ្យទៅលើងវាយ អត់បានទៅនឹង គេផង ដោយសារហើមខ្នងជើង ដើរបានតិចៗគេឱ្យចាំកន្លែង ។ គេវាយគ្នាមួយព្រឹកធំ ពួកទាហ៊ានប៉ារ៉ា និង ប្រជាពលរដ្ខខ្មែរ ដែលភៀស ខ្លួនពីកម្ពុជា កាលឆ្នាំ១៩៧៥ នាំគ្នារត់ចូលដីថៃអស់ ហើយពួកយើង គេឱ្យបោះទីតាំង នៅតាមព្រំដែន។
តាំងពីពេលនោះមក នៅរហូតដល់ចុងឆ្នាំ ១៩៧៧ ពួកនិរតី ឬពួកតាម៉ុក មកកាន់កាប់ ហើយគេចាប់ផ្តើម ចាប់មេទាហានឬកម្មាភិបាល ក្នុងកងទ័ពស្ទើរទាំងអស់ ឬ ៩០ ភាគរយ។និយាយអំពីតួនាទី ឬ តំណែងក្នុង ជួរកងទ័ព ក្នុងរយៈពេលពីរឆ្នាំអត់ដែលបានធ្វើមេអីនិងគេទេ សូម្បី តែមេពួកក៏អត់ដែរ ស្អាតល្អណាស់ គឺនៅក្រោមអ្នក ១៧មេសាឬអ្នករំដោះថ្មីទៅទៀត អ្នក១៧មេសា គេបានធ្វើដល់អនុក្រម ក្នុងជួរកងទ័ព យើងអត់អីអាលីង ។ ប៉ុន្តែនៅពេលគេដកមេៗជិតអស់ មេដែល គេដកទៅបានប្រាប់ថា យើងនេះល្អណាស់អត់ជាប់ ជំពាក់ជំពិនអ្វីទេ។
នៅពេលនោះមេខាងនិរតី គេចាត់ឱ្យធ្វើជាអនុបញ្ជាការកង ធ្វើបាន ១ ខែគេតំឡើងទៅបញ្ជាការធ្វើ បាន៣-៤ខែ គេតំឡើងទៅធ្វើស្មៀន កងវរៈសេនាតូច រួចគេឱ្យទៅនៅកាន់ស្នងការកងវិញដោយ គ្រប់គ្រងមើលថែរក្សា គ្រាប់មីនទាំងអស់ ដែលនៅចន្លោះប៉ៃលិន និង ភ្នំម៉ាឡៃ គឺមានបីខ្សែរត្រៀម ទី១, ទី២, និង ទី៣ ។ និយាយនេះវែងបន្តិច បន្ទាប់ពីគេសួរចម្លើយហើយ មិនមានអ្វីជាប់ជំពាក់ជំពិន ឬ ជាខ្សែររយៈនរណា ទាំងអស់ ពីព្រោះតាំងតែពីសិកពីបួសមក មិនមានធ្វើអ្វីនិងគេសោះ បើមានធ្វើវិញ សង្ស័យថា ទៅជាប់ គុកឥតជញ្ជាំង ឬ ទៅដល់ទួលស្លែងផងក៏មិនដឹង ពីព្រោះមេបញ្ជាការកងវរៈសេនា តូច និង ស្នងការ គេបានបញ្ជូនទៅគុកទួលស្លែង ហើយអនុបញ្ជាការ និង មេៗបន្ទាប់គេយកទៅ ដាក់ គុគឥតជញ្ជាំងនៅកកោះ ស្រុកមោងឫស្សីអស់ ហើយមួយចំនួនឱ្យទៅធ្វើ កងចល័តធ្វើស្រែចំការ។
អញ្ចឹងយើងរួចខ្លួន ហើយបន្ទាប់មក នៅថ្ងៃ ៧ មករា រហូត ៧កក្កដា ១៩៧៩ វាយតទល់គ្នាជាមួយ ទាហានយួន ៧ ខែគត់ វាយបាន ២១ សមរភូមិ ជាការពិសោធន៍ ក្នុងសមរភូមិ ឬ សង្គ្រាម ។ បន្ទាប់ពី ៧ កក្កដា១៩៧៩ មក បេជ្ញាឈប់កាន់កាំភ្លើង ឈប់ច្បាំងជាមួយខ្មែរគ្នាឯង រហូតដល់ពេលនេះ និង តទៅ អនាគតកាលផងដែរ…។
ហើយបន្ទាប់មក បានចូលប្រឡូក ខាងបណ្តាញដើរអូសទ័ព ក៏មិនមានកាន់ កាំភ្លើងដែរ គឺដើរដៃទទេ ហើយពួកយើង អូសទ័ពបានច្រើនជាងគេ រហូត៦ រយនាក់ ផ្អើលយួនពេញ ខែត្របាត់ដំបង ចេញមក ស្ទាក់ផ្លូវបិទផ្លូវ ថ្មគោល-មង្គលបូរី អត់ឱ្យមានមនុស្សធ្វើដំណើរទេ តែយើងបាន ដើរតាមផ្លូវជាតិរហូត មកដល់មុខវត្តរហាត់ទឹក ក្បែរស្ពានអូស្ងួត ខាងភ្នំធំ យួនបានកាក់សួរចម្លើយ តែបានឆ្លើយថា ជាប្រជាជន ធម្មតាទេ គឺមានអ្នកបកប្រែជាភាសាយួន-ខ្មែរនៅពេលនោះ យើងស្លៀក ពាក់ខោអាវពណ៌អាចម៍សេះ ហើយទ្រនាប់ជើងយួនទៀត និយាយកុហកសមហេតុផល យួនអត់ឆែកទេ ក៏ឱ្យបន្តរដំណើរទៅមុខទៀត រហូតដល់ជំរុំថ្មី ឬ ជំរុំ០០៧…។ល៕
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា បន្តសវនាការស្ដាប់សក្ខីកម្ម របស់សាក្សីមួយរូប ឈ្មោះ មាស សឿន។ លោក មាស សឿន ជាកូនរបស់អតីតអនុគណៈភូមិភាគបូព៌ា ដែលត្រូវបានបក្សកុម្មុយនិស្តកម្ពុជាបោសសម្អាត។
Source: http://www.rfa.org/khmer/news/krt/witness-recalls-internal-purge-in-eastern-zone-06292016222652.html