ច្បាប់រដ្ឋធម្មនុញ្ញ ជំពូក ២ អំពីព្រះមហាក្សត្រៈ
មាត្រា ៧
ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។
ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។
ព្រះមហាក្សត្រ មិនអាចនរណា រំលោភបំពានបានឡើយ ។
មាត្រា ៨
ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តិរូប នៃឯកភាពជាតិ និង និរន្តរភាពជាតិ ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានា ឯករាជ្យជាតិ អធិបតេយ្យភាព និង បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានា ការគោរពសិទ្ធិ និង សេរីភាព របស់ប្រជាពលរដ្ឋ និង ការគោរព សន្ធិសញ្ញាអន្តរជាតិ ។
មាត្រា ៩
ព្រះមហាក្សត្រ ទ្រង់មានតួនាទី ខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណៈ ឱ្យមានភាពទៀងទាត់ ។
មាត្រា ១០
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។
ព្រះមហាក្សត្រ ទ្រង់ឥតមានព្រះរាជ អំណាចចាត់តាំង ព្រហរាជទាយាទ សម្រាប់ក្រងរាជសម្បត្តិឡើយ ។
មាត្រា ១១ ថ្មី
ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈ ជាព្រះប្រមុខរដ្ឋ បានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការពញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ច ប្រមុខរដ្ឋជំនួសព្រះអង្គ ក្នុងឋានៈជាព្រះរាជានុសិទ្ធិ ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ច ជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រ ក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែង ក្នុងវាក្យខ័ណ្ឌ ខាងលើ ប្រធានរដ្ឋសភា ជាអ្នកបំពេញភារកិច្ចនេះ ។
តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រ ក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបាន ចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រម ដូចតទៅៈ
ក-អនុប្រធានទិ១ ព្រឹទ្ធសភា
ខ-អនុប្រធានទី១ រដ្ឋសភា
គ-អនុប្រធានទី២ ព្រឹទ្ធសភា
ឃ-អនុប្រធានទី២ រដ្ឋសភា
មាត្រា ១២ ថ្មី
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភា ទទួលផារកិច្ច ជាប្រមុខរដ្ឋស្តីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងករណី ដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាព បំពេញភារកិច្ច ជាប្រមុខរដ្ឋស្តីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និង ទី៣ នៃមាត្រា ១១ ថ្មី ។
មាត្រា ១៣ ថ្មី
ក្នុងរយៈវេលា៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើស ដោយក្រុមប្រឹក្សារាជសម្បត្តិ ។
សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមានៈ
-ប្រធានព្រឹទ្ធសភា
-ប្រធានរដ្ឋសភា
-នាយករដ្ឋមន្រ្តី
-សម្តេចព្រហសង្ឃរាជ គណៈមហានិកាយ និង គណៈធម្មយុត្តិនិកាយ
-អនុប្រធានទី១ និង អនុប្រធានទី២ ព្រឹទ្ធសភា
-អនុប្រធានទី១ និង អនុប្រធានទី២ រដ្ឋសភា
ការរៀបចំ និង ការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សារាជសម្បត្តិ និង មានកំណត់ក្នុងច្បាប់មួយ ។
មាត្រា ២០
ព្រះមហាក្សត្រ ទ្រង់ទទួលសវនាការជាផ្លុវការ ពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្រ្តី និង គណៈរដ្ឋមន្រ្តី ចូលគាល់រាយការណ៍ ទូលថ្វាយទ្រង់ជា្រប អំពីសភាពការណ៍ នៃប្រទេសជាតិ ។
មាត្រា ២១
តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្រ្តី ព្រះមហាក្សត្រទ្រង់ឡាយ ព្រះហស្ថលេខាលើ ព្រះរាជក្រិត្យតែងតាំង ផ្លាស់ប្តូរ ឬ បញ្ចប់ភារកិច្ច មន្រ្តីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរដ្ឋទូត និង ប្រេសិតវិសាមញ្ញ និង ពេញសមត្ថភាព ។
តាមសេចក្តីស្នើរបស់ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ថ លេខាលើព្រះរាជក្រិត្យតែងតាំង ផ្លាស់ប្តូរ ឬ ដកចៅក្រម ផ្នែកយុត្តាធិការ ។
មាត្រា ២២ ថ្មី
នៅពេលប្រជាជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ ប្រកាសប្រទាន ដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិ នៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា ។
មាត្រា ២៣
ព្រះមហាក្សត្រ ទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ ។ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើង ដើម្បីបញ្ជាកងយោធពល ខេមរភូមិន្ទនេះ ។
មាត្រា ២៤ ថ្មី
ព្រះមហាក្សត្រ ទ្រង់គង់ជាព្រះអធិបតី នៃឧត្តមក្រុមប្រឹក្សា ការពារជាតិ ដែលនឹងត្រូវ បង្កើតឡើងដោយច្បាប់មួយ ។
ជំពូកទី ៧ អំពីរដ្ឋសភាៈ
មាត្រា ៧៦
រដ្ឋសភាមានសមាជិក ជាតំណាងរាស្ត្រយ៉ាងតិច ១២០ រូប ។
តំណាងរាស្រ្ត ត្រូវជ្រើសតាំងដោយ ការបោះឆ្នោតជាសាកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និង តាមវិធីជ្រើសរើស ឆ្នោតជាសម្ងាត់ ។
តំណាងរាស្ត្រអាចឈរឈ្មោះ បោះឆ្នោតសារជាថ្មីបាន ។
អ្នកដែលមានសិទ្ធិ ឈរឈ្មោះជាបេក្ខជន តំណាងរាស្រ្ត គឺជាប្រជាពលរដ្ឋខ្មែរ ទាំងពីរប្រភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ ឆ្នាំ មានសញ្ជាតិជាខ្មែរ តាំងពីកំណើត ។
អង្គការរៀបចំការបោះឆ្នោត បែបបទ និង ការប្រព្រឹត្តទៅ នៃការបោះឆ្នោត ត្រូវកំណត់ ក្នុងច្បាប់បោះឆ្នោត ។
មាត្រា ៨២ ថ្មី
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិប (៦០) ថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំ របស់ព្រះមហាក្សត្រ ។
មុនចាប់ផ្តើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាស សុពលភាព នៃអាណត្តិរបស់សមាជិកនិមួយៗ ត្រូវបោះឆ្នោត ជ្រើសរើស ដាច់ដោយឡែកពីគ្នានូវ ប្រធាន អានុប្រធាន រដ្ឋសភា និង សមាជិកទាំងអស់ នៃគណៈកម្មការនានា របស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក រដ្ឋសភាទាំងមូល ។
រដ្ឋសភាត្រូវអនុម័ត បទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក រដ្ឋសភាទាំងមូល ។
តំណាងរាស្រ្តទាំងអស់ ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែង ដូចមានខ្លឹមសារ ចែងក្នុងឧបសម្ព័ន្ធទី ៥ នៃរដ្ឋធម្មនុញ្ញ ។
ខាងក្រោមនេះ ជាបទសម្ភាសរបស់វិទ្យុអាស៊ិសេរី ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង បណ្ឌិតសុខ ទូច អំពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ សូមអញ្ជើញចុចស្តាប់ !!
ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ.
You must be logged in to post a comment.